Saturday, November 28, 2009

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឆាណា


“ធ្វើអោយការចងចាំពីអតីតកាល និងបច្ចុប្បន្នកាលមានភាពរស់រវើក” នេះជាចក្ខុវិស័យចំបង របស់បុប្ឆាណា។

ឈ្មោះ “បុប្ឆាណា” ត្រូវបានគេកត់ត្រាថា ជាឈ្មោះរបស់យុវនារីរងគ្រោះម្នាក់ ក្នុងសម័យបនប្រល័យពូជសាសន៍ប៉ុលពត នៅមន្ទីរ ឃុំឃាំង ស២១​ដែលបានបង្ហាញពីភាពក្លាហាន និងថ្លៃថ្នូររបស់នាង តាមរយៈសារលិខិតដែលបាន​បន្សល់ ទុកមុនពេលដែលនាងទទួលមរណភាព។

ក៏ប៉ុន្តែសព្វថ្ងៃឈ្មោះ ”បុប្ឆាណា”​​ នេះ ត្រូវបានប្រើសំរាប់សំគាល់មជ្ឈមណ្ឌលធនធាន​សោតទស្សន៍​មួយកន្លែងនៅរាជធានីភ្នំពេញ។

ឆ្លងកាត់សង្រ្ឌាមដ៏រ៉ាំរៃអស់រយះពេលជាច្រើនទស្សវត្សន៍កន្លងមកនេះ ប្រទេសកម្ពុជា​ទទួលរងនូវការខូចខាតស្ទើរគ្រប់វិស័យ​​ ​ជាពិសេសបេតិកភណ្ឌសោតទស្សន៍ និងបណ្ណាសារនេះ​តែម្តង។​ អាស្រ័យហេតុនេះហើយ ទើបបានជាលោក ប៉ាន់ រិទ្ធី រួមជាមួយនឹងលោក អៀវ បណ្ណាការ ដែលពេលនោះជាប្រធាននាយកដ្ធានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចិត្ត​បង្កើតមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឆាណានេះឡើងបំណងរក្សា និងបង្កើតការចងចាំមួយដល់​កូនចៅជំនាន់ក្រោយ​​ ក៏ដូចជាជួយឲ្យបេតិកភណ្ឌសោតទស្សន៍​មាន​អត្ថប្រយោជន៍ និងថាមពល​ឡើងវិញ។

ដូចបានបញ្ជាក់មកខាងលើ បុប្ឆាណាគឺជាឈ្មោះរបស់អ្នកទោសនារីម្នាក់ក្នុងមន្ទីរឃុំឃាំង​ស២១ ដែលស្លាប់បាត់បង់ជីវិតរួចទៅហើយ​ ចុះហេតុអ្វីបានជាបិតាស្ថាបនិកទាំងពីររបស់​មជ្ឈមណ្ឌលនេះ​ សម្រេចចិត្តយកឈ្មោះបុប្ឆាណា​នេះមកប្រើសំរាប់សំគាល់ទីកនែ្លងនេះទៅវិញ?

តំណាងអោយមជ្ឈមណ្ឌល កញ្ញា ជុំ ណយ បុគ្គលិកទទួលបន្ទុកផ្នែកទំនាក់ទំនង​សាធារណៈរបស់​មជ្ឈមណ្ឌលបុប្ឆាណា បានឆ្លើយតបនឹងសំនួរខាងលើនេះថា ដោយសារតែ​មជ្ឈមណ្ឌលនេះ មានការស្ងើចសសើរដល់បុប្ឆាណា ហើយចង់ដើរតួ​ជាអ្នកផ្សាយបន្តនូវការតស៊ូ សេចក្តីក្លាហាន និងសេចក្តីថ្លៃថ្នូររបស់នាងដល់កូនខ្មែរគ្រប់រូប។

កញ្ញា ក៏បានលើកឡើងដែរថា​ មជ្ឈមណ្ឌលនេះជាអង្គការមិន​រក​ប្រាក់កំរៃ ដែលមានទិសដៅ​ចង់ផ្សព្វផ្សាយប្រវត្តិសាស្រ្តព្រមទាំងវប្បធម៌អោយមនុស្សជំនាន់ក្រោយៗបានដឹង​ ដោយមជ្ឈមណ្ឌល​ធ្វើការប្រមូលឯកសារទាំងចាស់ទាំងថ្មីលើគ្រប់ប្រធានបទមកចងក្រងក្នុងទិន្នន័យហនុមាន
ដែលពួកគេធ្វើការបំលែងឯកសារអោយទៅជាលក្ខណៈឌីជីថល ដើម្បីងាយស្រួលក្នុងការទស្សនា ស្វែងរក និងរក្សាទុក។​ ក្រៅពីការច​ងក្រងឯកសារ មជ្ឈមណ្ឌលក៏មានផងដែរនូវការរៀបចំសន្និសីទ វេទិកា

ពិភាក្សា ពិព័រណ៍ និងវគ្គបណ្តុះបណ្តាល ដែលធ្វើរអោយបណ្ណាសារទាំងនោះហាក់ដូចជា​រស់រានមានជីវិត អាចមកភពប្រសព្វជាមួយសាធារណជនផ្សេងៗបាន ព្រមទាំងបង្កើតនូវបរិយាកាស​ពិភាក្សានិងពិចារណាផ្តូរទស្សនៈគ្នាទៅវិញទៅមក។

ទាក់ទិនទៅនឹងទិន្នន័យហនុមាននេះទៀតសោត កញ្ញាស៊ឹម សុខធីតា អ្នកទទួលបន្ទុក​ផ្នែកវិភាគឯកសារ បានបញ្ជាក់ប្រាប់ថា គ្រប់ឯកសារមានដាក់ជូនសាធារណជនទស្សនាដោយឥត​គិតថ្លៃនៅក្នុងមូលដ្ធានទិន្នន័យរបស់​មជ្ឈមណ្ឌលជាបីភាសា បារាំង ខ្មែរ និងអង់គ្លេស។ តាមរយៈទិន្នន័យនេះ ពួកគេអាចស្វែងរកបានដោយងាយនូវឯកសារចំរៀង រូបភាព វីដេអូ អត្ថបទនិពន្ធ និងសៀវភៅនានា ដែលមានអាយុកាលតាំងពីសតវត្សន៍ទី១៩មកម្ល៉េះ។

លោក ណែម​ ឡន និស្សិតនៅសកលវិទ្យាល័យធនធានមនុស្ស​ ដែលជាអ្នកចូលចិត្តទស្សនា​ឯកសារនានានៅបុប្ឆាណា បានបញ្ចេញនូវមតិយោបល់របស់គាត់ថា លោកចូលចិត្តមក​មជ្ឈមណ្ឌលនេះ ដោយគាត់អាចទទួលបាននូវចំនេះដឹងគ្រប់ផ្នែក ជាពិសេសសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត។​ លោកក៏បានសំនូមពរអោយកូនខ្មែរគ្រប់រូប ពិសេសយុវវ័យ អោយចំណាយពេល​ទំនេរពីការសិក្សាមកទស្សនាឯកសារនានានៅមជ្ឈមណ្ឌល ដើម្បីបានជាចំនេះដឹង ជាជាងដើរលេង​ឥតប្រយោជន៍។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលសោតទស្សន៍បុប្ឆាណាត្រូវបានសម្ភោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ ២០០៦​​ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ព្រមទាំងក្រសួង​និងស្ថាប័នបារាំងជាច្រើនទៀត។ ក្នុងពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលមានបុគ្គលិកសរុបទាំងអស់ជិត​៣០នាក់ ​ហើយមានផ្ទុកឯកសារសរុបទាំងអស់ជាង៣០០០ឯកសារសោតទស្សន៍។ មជ្ឈមណ្ឌលបាន​នឹងកំពុងខិតខំប្រមូលឯកសារបន្ថែម ហើយក៏មានគំរោងបណ្តុះបណ្តាលកូនខ្មែរអោយមានវិជ្ជាជីវៈ​ផ្នែកសោតទស្សន៍នេះ ដើម្បីផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយអោយបាន់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត។

អត្ថបទដោយ ឡាំង មេសា


4 comments:

  1. ខ្ញុំគិតថា អត្ថបទនេះ ល្អសំរាប់ខ្ញុំ ដើម្បីអាចយកទៅសិក្សាបន្ត។​

    ReplyDelete
  2. អគុណដែលបានអានអត្ថបទនេះ

    ReplyDelete
  3. សសេរ​បាន​ល្អ

    ReplyDelete
  4. សួស្ដីពូ!!! ខ្ញុំមិនបានមើលអត្ថបទនេះទេ តែថ្ងៃនេះខ្ញុំបានទៅដល់ ទីនោះហើយ។ ពេលនេះខ្ញុំទាក់ទងខាងនោះហើយៗ។ ទំនេរចូលប្លក់ខ្ញុំវិញផង... Bye!!

    ReplyDelete