Sunday, December 6, 2009

សារមន្ទីរជាតិ


ស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញខាងជើងព្រះបរមរាជវាំង សារមន្ទីរជាតិដែលជាអគារប្រកបទៅដោយក្បាច់ចំលាក់ខ្មែរពណ៌
ដីលាងយ៉ាងល្អប្រណិតមានអាយុកាលជិតមួយសតវត្សទៅហើយនោះ
បាននឹងកំពុងក្លាយជាទីទស្សនាដ៏មានប្រជាប្រិយភាព ដែលភ្ញៀវទេសចរណ៍
ទាំងឡាយកម្រនឹងខកខានមកទស្សនាណាស់។
បើតាមសម្តីរបស់ លោកស្រី ហា ដាលី ដែលជាមគ្គុទេសក៏ទេសចរណ៍ផ្នែកភាសាអង់គ្លេសបានអោយដឹងថា សារមន្ទីរជាតិដែលសព្វថ្ងៃនេះឋិតនៅក្រោមជំនួយឧបត្ថម្ភទាំងផ្នែកថវិការ និងបចេ្ចកទេសពីសំណាក់អង្គការអន្តរជាតិយូនេសស្កូ, រាជរដ្ឋាភិបាលកម្ពុជា, សហរដ្ឋអាមេរិច និងប្រទេសអូស្រ្តាលី កំពុងតែដំណើការដោយមានតាំងបង្ហាញវត្ថុសិល្បៈជាងពីរពាន់ ដែលមាននៅសេសសល់តាំងពីសម័យបុរេប្រវត្តិសាស្រ្តមកម្ល៉េះ ដើម្បីអោយភ្ញៀវជាតិនិងអន្តរជាតិបានទស្សនា។
លោកស្រីបានបន្តទៀតថា នាឆ្នាំ២០០៨កន្លងទៅនេះ មានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ៩៥,២៦៣នាក់មកកាន់សារមន្ទីរ ក៏ប៉ុន្តែភ្ញៀវទេសចរណ៍ជាតិមានត្រឹមតែ ៤០,៧៨០នាក់ប៉ុណ្ណោះ បើទោះជាពួកគេមិនតំរូវអោយបង់ប្រាក់ដូចជនបរទេសក៏ដោយ។
ជាមួយនឹងការនិយមទស្សនារបស់ភ្ញៀវទេសចរណ៍បរទេសនេះ លោក Malgosia Gorczynska ដែលជាអ្នកវិទ្យាសាស្រ្តជនជាតិអង់គេ្លសបានបង្ហាញនូវទឹកចិត្តរបស់លោកថា លោកមកកាន់សារមន្ទីរនេះ ដោយសារតែលោកមានការស្ងើចសរសើរដល់ប្រវត្តិសាស្រ្តប្រទេសកម្ពុជាយ៉ាងខ្លាំង ជាពិសេសខាងផ្នែកសិល្បៈនេះតែម្តង។ លោកបានបន្ថែមទៀតថា លោកមិនត្រឹមតែមានការចាប់អារម្មណ៍ចំពោះវត្ថុសិល្បៈទាំងនេះទេ គឺលោកថែមទាំងពេញចិត្តចំពោះការតុបតែង និងបរិយាកាសជុំវិញរបស់សារមន្ទីរផ្ទាល់ផងដែរ។
ក៏ដូចគ្នានេះដែរ លោកស្រី S. Krish អ្នកទេសចរណ៍ជនជាតិឥណ្ឌាមានការកោតសសើរ ដោយគាត់មិននឹកស្មានថា នៅទីនេះមានរូបចំលាក់បុរាណច្រើនយ៉ាងដូច្នេះសោះ។ ជាពិសេសទៅទៀត គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសំណាកទេវៈទាំងឡាយ ដែលមានលក្ខណៈដូចនឹងប្រទេសរបស់គាត់ផងដែរ។
ទាក់ទិនទៅនឹងបញ្ហាចំនួនភ្ញៀវទេសចរណ៍ជាតិមានចំនួនតិចនេះ លោក ជា សុខឆាយ និស្សិតឆ្នាំទី១ផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលកំពុងតែទស្សនាវត្ថុសិល្បៈនៅ សារមន្ទីរបានបញ្ចេញគំនិតរបស់គាត់ថា “ដោយសារតែយុវវ័យភាគច្រើនចូលចិត្តដើរលេងសប្បាយ
ដោយពួកគេមិនបានអោយតំលៃទៅលើរបស់របរបុរាណបែបនេះទេ។ លើសពីនេះទៅទៀត ប្រជាជនយើងមិនសូវអោយតំលៃទៅលើរបស់ដែលមានស្រាប់នោះទេ ទាល់តែមានការឈ្លានពានដូចប្រាសាទព្រះវិហារតែម្តងទើបពួកគេចាប់អារម្មណ៍។”
ស្រដៀងនឹងមតិខាងលើនេះដែរ អ្នកមីង ពិល ស្រីពៅ ដែលជាបុគ្គលិកផ្នែកស្តង់ នៅក្នុងសារមន្ទីរជាតិ បានបង្ហាញពីការព្រួយបារម្ភរបស់គាត់ថា នៅពេលដែលគាត់ជូនផ្កាម្លិះ អោយភ្ញៀវទេសចរណ៍ជាតិ ដើម្បីធ្វើការថ្វាយដល់ព្រះពុទ្ធ និងទេវៈដទៃទៀតនោះ ជានិច្ចជាកាល ពួកគាត់មិនបានអោយតំលៃទៅលើគ្រឿងសក្ការៈបូជាទាំងនេះទេ ហើយជួនកាលថែមទាំងបោះសម្តីអោយថា អ្នកមីងធ្វើការលក់ដូរសំរាប់ប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងសារមន្ទីរ។ ផ្ទុយគ្នាស្រឡះ ចំពោះភ្ញៀវបរទេសវិញ ពួកគេតែងតែអោយតំលៃទៅលើវត្ថុសាកសិទ្ធទាំងនេះ ដោយមានទាំងចំណាយថវិការក្រៅពីការទិញសំបុត្រមកលើការទិញផ្កានេះទៀតផង។
អ្នកមីងបាននបន្តទៀតថា ចំពោះថវិការទាំងនេះ អ្នកមីងមិនមានការទាមទារអ្វីទេ ជាពិសេសចំពោះជនជាតិខ្មែរ អោយតែមានសទ្ធាទៅគឺបានហើយ ពោលគឺជូនប្រាក់រឺអត់ក៏តាមចិត្ត។ ចំពោះថវិការទាំងនោះទៀតសោត ក៏អ្នកមីងមិនបានយកមកធ្វើជាប្រាក់កំរៃផ្ទាល់ខ្លួនអ្វីដែរ គឺជាប្រាក់រួមរបស់សារមន្ទីរដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍តែប៉ុណ្ណោះ។
ស្របគ្នានេះដែរ លោក Brad Mc Mackin វិស្វករជនជាតិណូវែលសេឡង់ បានអោយដឹងថា លោកសប្បាយចិត្តចំពោះការចំណាយលើគ្រឿងសក្ការៈទាំងនេះ ព្រោះលោកដឹងថានេះមិនមែនជា ជំនួញផ្ទាល់ខ្លួនរបស់បុគ្គលិកទាំងនោះទេ តែជាថវិការរបស់សារមន្ទីជាតិទាំងមូល ដូចនេះលោកមានមោទនភាពណាស់ក្នុងការចូលរួមចំណែករក្សា និងអភិរក្សទីតាំងវប្បធម៌និងសិល្បៈនេះ។ ប៉ុន្តែលោកសូមសំណូមពរអោយសារមន្ទីរមានការដាក់បន្ថែមនូវការរៀបរាប់ពីរូបចំលាក់មួយៗអោយបានលម្អិតដើម្បីអោយជនបរទេសដូចគាត់មានការយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តដ៏រុងរឿងនែប្រទេសកម្ពុជានេះ។
ជាចុងក្រោយនេះ លោកស្រី ហា ដាលី សូមធ្វើការសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នាអោយចូលរួមថែរក្សាសម្បត្តិវប្បធម៌ដ៏មានតំលៃរបស់ខ្មែរយើង ជាពិសេសសូមអោយកូនខ្មែរគួរតែចំណាយពេលអោយបានច្រើន ដើម្បីយល់អោយកាន់តែច្បាស់ពីប្រវត្តិសាស្រ្ត និងអរិយធម៌របស់យើង ប្រយោជន៍រក្សាអោយបាននូវ អត្តសញ្ញាណជាតិដ៏មានតំលៃឥតកាត់ថ្លៃបានរបស់ខ្មែរយើង។
អត្ថបទដោយ ឡាំង​ មេសា

No comments:

Post a Comment