“ធ្វើអោយការចងចាំពីអតីតកាល និងបច្ចុប្បន្នកាលមានភាពរស់រវើក” នេះជាចក្ខុវិស័យចំបង របស់បុប្ឆាណា។
ឈ្មោះ “បុប្ឆាណា” ត្រូវបានគេកត់ត្រាថា ជាឈ្មោះរបស់យុវនារីរងគ្រោះម្នាក់ ក្នុងសម័យបនប្រល័យពូជសាសន៍ប៉ុលពត នៅមន្ទីរ ឃុំឃាំង ស២១ដែលបានបង្ហាញពីភាពក្លាហាន និងថ្លៃថ្នូររបស់នាង តាមរយៈសារលិខិតដែលបានបន្សល់ ទុកមុនពេលដែលនាងទទួលមរណភាព។
ក៏ប៉ុន្តែសព្វថ្ងៃឈ្មោះ ”បុប្ឆាណា” នេះ ត្រូវបានប្រើសំរាប់សំគាល់មជ្ឈមណ្ឌលធនធានសោតទស្សន៍មួយកន្លែងនៅរាជធានីភ្នំពេញ។
ឆ្លងកាត់សង្រ្ឌាមដ៏រ៉ាំរៃអស់រយះពេលជាច្រើនទស្សវត្សន៍កន្លងមកនេះ ប្រទេសកម្ពុជាទទួលរងនូវការខូចខាតស្ទើរគ្រប់វិស័យ ជាពិសេសបេតិកភណ្ឌសោតទស្សន៍ និងបណ្ណាសារនេះតែម្តង។ អាស្រ័យហេតុនេះហើយ ទើបបានជាលោក ប៉ាន់ រិទ្ធី រួមជាមួយនឹងលោក អៀវ បណ្ណាការ ដែលពេលនោះជាប្រធាននាយកដ្ធានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឆាណានេះឡើងបំណងរក្សា និងបង្កើតការចងចាំមួយដល់កូនចៅជំនាន់ក្រោយ ក៏ដូចជាជួយឲ្យបេតិកភណ្ឌសោតទស្សន៍មានអត្ថប្រយោជន៍ និងថាមពលឡើងវិញ។
ដូចបានបញ្ជាក់មកខាងលើ បុប្ឆាណាគឺជាឈ្មោះរបស់អ្នកទោសនារីម្នាក់ក្នុងមន្ទីរឃុំឃាំងស២១ ដែលស្លាប់បាត់បង់ជីវិតរួចទៅហើយ ចុះហេតុអ្វីបានជាបិតាស្ថាបនិកទាំងពីររបស់មជ្ឈមណ្ឌលនេះ សម្រេចចិត្តយកឈ្មោះបុប្ឆាណានេះមកប្រើសំរាប់សំគាល់ទីកនែ្លងនេះទៅវិញ?
តំណាងអោយមជ្ឈមណ្ឌល កញ្ញា ជុំ ណយ បុគ្គលិកទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈរបស់មជ្ឈមណ្ឌលបុប្ឆាណា បានឆ្លើយតបនឹងសំនួរខាងលើនេះថា ដោយសារតែមជ្ឈមណ្ឌលនេះ មានការស្ងើចសសើរដល់បុប្ឆាណា ហើយចង់ដើរតួជាអ្នកផ្សាយបន្តនូវការតស៊ូ សេចក្តីក្លាហាន និងសេចក្តីថ្លៃថ្នូររបស់នាងដល់កូនខ្មែរគ្រប់រូប។
កញ្ញា ក៏បានលើកឡើងដែរថា មជ្ឈមណ្ឌលនេះជាអង្គការមិនរកប្រាក់កំរៃ ដែលមានទិសដៅចង់ផ្សព្វផ្សាយប្រវត្តិសាស្រ្តព្រមទាំងវប្បធម៌អោយមនុស្សជំនាន់ក្រោយៗបានដឹង ដោយមជ្ឈមណ្ឌលធ្វើការប្រមូលឯកសារទាំងចាស់ទាំងថ្មីលើគ្រប់ប្រធានបទមកចងក្រងក្នុងទិន្នន័យហនុមាន
ដែលពួកគេធ្វើការបំលែងឯកសារអោយទៅជាលក្ខណៈឌីជីថល ដើម្បីងាយស្រួលក្នុងការទស្សនា ស្វែងរក និងរក្សាទុក។ ក្រៅពីការចងក្រងឯកសារ មជ្ឈមណ្ឌលក៏មានផងដែរនូវការរៀបចំសន្និសីទ វេទិកា
ពិភាក្សា ពិព័រណ៍ និងវគ្គបណ្តុះបណ្តាល ដែលធ្វើរអោយបណ្ណាសារទាំងនោះហាក់ដូចជារស់រានមានជីវិត អាចមកភពប្រសព្វជាមួយសាធារណជនផ្សេងៗបាន ព្រមទាំងបង្កើតនូវបរិយាកាសពិភាក្សានិងពិចារណាផ្តូរទស្សនៈគ្នាទៅវិញទៅមក។
ទាក់ទិនទៅនឹងទិន្នន័យហនុមាននេះទៀតសោត កញ្ញាស៊ឹម សុខធីតា អ្នកទទួលបន្ទុកផ្នែកវិភាគឯកសារ បានបញ្ជាក់ប្រាប់ថា គ្រប់ឯកសារមានដាក់ជូនសាធារណជនទស្សនាដោយឥតគិតថ្លៃនៅក្នុងមូលដ្ធានទិន្នន័យរបស់មជ្ឈមណ្ឌលជាបីភាសា បារាំង ខ្មែរ និងអង់គ្លេស។ តាមរយៈទិន្នន័យនេះ ពួកគេអាចស្វែងរកបានដោយងាយនូវឯកសារចំរៀង រូបភាព វីដេអូ អត្ថបទនិពន្ធ និងសៀវភៅនានា ដែលមានអាយុកាលតាំងពីសតវត្សន៍ទី១៩មកម្ល៉េះ។
លោក ណែម ឡន និស្សិតនៅសកលវិទ្យាល័យធនធានមនុស្ស ដែលជាអ្នកចូលចិត្តទស្សនាឯកសារនានានៅបុប្ឆាណា បានបញ្ចេញនូវមតិយោបល់របស់គាត់ថា លោកចូលចិត្តមកមជ្ឈមណ្ឌលនេះ ដោយគាត់អាចទទួលបាននូវចំនេះដឹងគ្រប់ផ្នែក ជាពិសេសសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត។ លោកក៏បានសំនូមពរអោយកូនខ្មែរគ្រប់រូប ពិសេសយុវវ័យ អោយចំណាយពេលទំនេរពីការសិក្សាមកទស្សនាឯកសារនានានៅមជ្ឈមណ្ឌល ដើម្បីបានជាចំនេះដឹង ជាជាងដើរលេងឥតប្រយោជន៍។
គួររំលឹកផងដែរថា មជ្ឈមណ្ឌលសោតទស្សន៍បុប្ឆាណាត្រូវបានសម្ភោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ ២០០៦ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ព្រមទាំងក្រសួងនិងស្ថាប័នបារាំងជាច្រើនទៀត។ ក្នុងពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលមានបុគ្គលិកសរុបទាំងអស់ជិត៣០នាក់ ហើយមានផ្ទុកឯកសារសរុបទាំងអស់ជាង៣០០០ឯកសារសោតទស្សន៍។ មជ្ឈមណ្ឌលបាននឹងកំពុងខិតខំប្រមូលឯកសារបន្ថែម ហើយក៏មានគំរោងបណ្តុះបណ្តាលកូនខ្មែរអោយមានវិជ្ជាជីវៈផ្នែកសោតទស្សន៍នេះ ដើម្បីផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយអោយបាន់កាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត។
អត្ថបទដោយ ឡាំង មេសា
ខ្ញុំគិតថា អត្ថបទនេះ ល្អសំរាប់ខ្ញុំ ដើម្បីអាចយកទៅសិក្សាបន្ត។
ReplyDeleteអគុណដែលបានអានអត្ថបទនេះ
ReplyDeleteសសេរបានល្អ
ReplyDeleteសួស្ដីពូ!!! ខ្ញុំមិនបានមើលអត្ថបទនេះទេ តែថ្ងៃនេះខ្ញុំបានទៅដល់ ទីនោះហើយ។ ពេលនេះខ្ញុំទាក់ទងខាងនោះហើយៗ។ ទំនេរចូលប្លក់ខ្ញុំវិញផង... Bye!!
ReplyDelete